កំពង់ឆ្នាំង៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមីន រួមសហការជាមួយ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា, មូលនិធិ Sir Bobby Charlton, មូលនិធិ Prince និងសភាពាណិជ្ចកម្មអាម៉េរិកប្រចាំនៅកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីសកម្មភាពហ្វឹកហ្វឺនការងារបោសសម្អាតមីន និងសុនខរាវមីន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់ស៊ីម៉ាក់ ក្នុងខេត្តកំពង់ឆ្នាំង។
ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្រោមកម្មវិធី "ឥទ្ធិពលស្រ្តីក្នុងវិស័យសកម្មភាពមីន" នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរចំពោះកិច្ចទទួលស្វាគមន៍ពី ឯកឧត្ដម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់សកម្មភាពហ្វឹកហ្វឺន សមត្ថភាព ជំនាញ និងបច្ចេកទេសរបស់អ្នកដោះមីន ដែលទទួលបានមកពីវិទ្យាស្ថាននេះ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានលើកឡើងថា ស៊ីម៉ាក់ គឺជាមជ្ឈមណ្ឌលបោសសម្អាតមីនជាតិដ៏លេចធ្លោមួយ និងមានសមត្ថភាពខ្ពស់ ព្រមទាំងបានចូលរួមរំដោះផ្ទៃដីពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមច្រើនជាងគេនៅកម្ពុជា ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាព និងត្រូវបោសសម្អាតមីនឱ្យអស់ពីកម្ពុជា ដើម្បីផ្តល់នូវស្នាមញញឹមជូនប្រជាពលរដ្ឋ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា កាលពីថ្មីៗនេះ សម្តេចតេជោ បានផ្តល់បេសកកម្មឱ្យអាជ្ញាធរមីន ដឹកនាំ និងរៀបចំវិស័យសកម្មភាពមីនជាមួយប្រតិបត្តិករជាតិ ដើម្បីរៀបចំផែនការ និងដាក់ពង្រាយកម្លាំងបោសសម្អាតមីន ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” ដំណាក់កាលដំបូង។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានអះអាងថា ក្នុង “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” នេះ គឺត្រូវការជាចំបាច់នូវកម្លាំងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ចូលរួមផងដែរ ដែលត្រូវអនុវត្តន៍តាមស្តង់ដារសកម្មភាពកម្ចាត់មីនកម្ពុជា៕
ដោយ រិទ្ធី ប្រភព៖ អាជ្ញាធរមីន
0 Comments:
Post a Comment