ភ្នំពេញ: ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល១ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើរបប្រល័យពូជសាសន៍ ប៉ុល ពត មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨ ៦៣០ នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួន ១៥៦ ៤៧៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន ២ ១៥១ នាក់។
បើតាមឯកឧត្ដម ថោង ខុន បានកត់សម្គាល់ថា បើទោះបីថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំសកល ទើបតែកន្លងផុតនាសប្តាហ៍កន្លងមក ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែបង្ហាញសញ្ញារឹងមាំ។ ជាក់ស្តែង ត្រឹមតែមួយថ្ងៃឈប់សម្រាក ៧ មករា មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសផងដែរ បានចេញដើរកម្សាន្ត រហូតដល់ជិត ១៦ម៉ឺននាក់។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ចរន្តភ្ញៀវទេសចរនឹងបន្តកើនឡើងរហូតដល់ចុងសប្តាហ៍ ខណៈដែលភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗ ក្រៅពីគោលការណ៍ដែលបានពួកគាត់បានទៅនាឱកាសឆ្លងឆ្នាំសាកល។
ជាមួយគ្នានេះ ឯកឧត្ដម ថោង ខុន បានបញ្ជាក់បន្ថែមថា “បងប្អូនប្រជាពលរដ្ឋមួយចំនួ បានជ្រើសរើសដើរកម្សាន្តនាចុងសប្តាហ៍នេះជំនួសថ្ងៃឆ្លងឆ្នាំសកល ដោយសារពួកគាត់បានជ្រើសរើសការជួបជុំក្រុមគ្រួសារជំនួសឱ្យការដើរកម្សាន្ត និងដើម្បីបញ្ចៀសការជួបជុំកកកុញនៅតាមគោលដៅនានានាឱកាសឆ្លងឆ្នាំសកល”។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ៥៥ ៨៤២ នាក់ ខេត្តព្រះសីហនុ ១២ ៥៨៥ នាក់ ខេត្តសៀមរាប ១០ ១៤៨ នាក់ ខេត្តពោធិ៍សាត់ ៩ ៨៦៣ នាក់ ខេត្តមណ្ឌលគិរី ៩ ៤៩៧ នាក់ ខេត្តបាត់ដំបង ៨ ៣៦៥ នាក់ ខេត្តស្ទឹងត្រែង ៨ ៣១០ នាក់ ខេត្តកែប ៨ ១៣៥ នាក់ និង ខេត្តកំពត ៨ ០៨២ នាក់៕ដោយ រិទ្ធី ប្រភព៖ ក្រសួងទេសចរណ៍
0 Comments:
Post a Comment